នយោបាយមិនមែនចែកលុយទេ គឺចែកការទទួលខុសត្រូវ
មន្ត្រីជាន់ខ្ពស់បក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉ង សាំងកុមារ លើកឡើងថាគោលនយោបាយគណបក្ស មិនមែនជាការចែកលុយ និងអំណោយនោះទេ គឺជាការចែកនូវទំនួលខុសត្រូវ។ ខណៈអ្នកវិភាគយល់ស្របថាជារឿងមិនគួរកើតមានក្នុងសង្គម។
ការអះអាងនេះធ្វើឡើងនៅក្នុង«អង្គពិធីជួបជុំសមាជិក-បេក្ខជន ក្រុមប្រឹក្សាឃុំ/សង្កាត់» នាថ្ងៃទី ១៨ ឧសភា នៅទីស្នាក់ការរបស់ខ្លួនក្នុងខណ្ឌសែនសុខ។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណជាង ១០០នាក់មកពី ២៧ឃុំ ក្នុងខេត្តចំនួន ៩ លោក យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន បាននិយាយដោយភាពម៉ឹងម៉ាត់ថា គោលនយោបាយបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺមិនមែនជាការចែកអំណោយនោះទេ គឺជាការបែងចែកទំនួលខុសត្រូវ ដែលអាចជួយជម្រុញឲ្យមេភូមិ មេឃុំ នៅថ្នាក់ក្រោមជាតិឲ្យមានសមត្ថភាពគ្រប់គ្រាន់ និងមានទំនួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋដែលស្ថិតក្រោមការដឹកនាំរបស់ខ្លួន ដោយមិនយកមេបក្សធ្វើជាបងធំនោះឡើយ។
លោក យ៉ង សាំងកុមារ បញ្ជាក់៖ «អ្នកខាងក្រោមនៅភូមិឃុំណា បោះឆ្នោតរើសអ្នកហ្នឹងធ្វើជាមេឃុំ ទទួលខុសត្រូវចំពោះអ្នកខាងក្រោម មែនមក ទទួលខុសត្រូវជាមួយលោក យ៉េង វីរៈ ជាប្រធានគណបក្ស មិនមែនមកទទួលខុសត្រូវជាមួយលោក សាម ស៊ុនឌឿន ជាអនុប្រធានគណបក្ស មែនទទួលខុសត្រូវចំពោះខ្ញុំទេ មិនងាកសំពោះ ងាកសំពេះ មកខាងលើទេ …នយោបាយរបៀបហ្នឹងល្មមដូរហើយ នយោបាយរបស់យើងមិនមែនចែកអំណោយ ចែកលុយទេ ចែកការទទួលខុសត្រូវ»។
លោកបន្តថាការឈរឈ្មោះរបស់បេក្ខជនក្រុមប្រក្សាឃុំ និងតំណាងរាស្ត្រនីមួយៗ គឺកើតចេញពីការបោះឆ្នោតរបស់សមាជិកបក្សផ្ទៃក្នុងនៃមូលដ្ឋាន ភូមិ ស្រុក ពីក្រោមឡើងមកលើ មិនមែនជាការចាត់តាំងរបស់មេបក្សនោះឡើយ បន្ទាប់មកនៅពេលដែលរើសបានបក្ខជនតំណាងរាស្ត្រទាំងអស់ហើយ បេក្ខជនទាំងនោះនឹងមកជួបជុំគ្នាហើយ ចាប់ផ្ដើមបោះឆ្នោតរើសបេក្ខជននាយករដ្ឋមន្ត្រីតែម្ដង ការធ្វើដូចនេះ គឺដើម្បីឲ្យមានទំនួលខុសត្រូវចំពោះពលរដ្ឋមិនមែនចំពោះបក្សឡើយ។ លោកបានសង្កត់ធ្ងន់ថាបើប្រព័ន្ធនយោបាយបែបមេបក្សនិយម និងការចែកលុយនៅតែស្ថិតក្នុងសង្គមខ្មែរបន្តទៅទៀត វាមិនគួរស្ថិតក្នុងសង្គមកម្ពុជាទេ។
ចំណែកឯអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោកបណ្ឌិត មាស នី សង្កេតឃើញថាក្នុងរយៈកាលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ នៅតាមភូមិមួយចំនួន មានថ្នាក់ដឹកនាំគណបក្សខ្លះ បានហៅប្រជាជនមកជួបជុំគ្នាហើយចែកលុយក្នុងម្នាក់ ២ម៉ឺនរៀល លោកនៅតែមានចម្ងល់ថាប្រភពលុយដែលគេយកមកចែកពលរដ្ឋនោះតើបានមកពីណា? ។
លោកបណ្ឌិត មាស នី បញ្ជាក់ថា៖ «ខ្ញុំគិតថាវាជារឿងមួយអត់សូវមានប្រយោជន៍ក្នុងសម័យថ្មី ហើយវាវប្បធម៌អាក្រក់មួយ បើចែកអំណោយក្នុងនាមរដ្ឋាភិបាល ហ្នឹងជារឿងធម្មតាសម្រាប់សង្គ្រោះអ្នកក្រីក្រ តែចែកអំណោយក្នុងពេលឃោសនាបោះឆ្នោត វាមិនសមគួរទេ»។
លោកបណ្ឌិតបានបន្ថែមថាការយកលុយមកធ្វើជាអំណោយចែកជូនពលរដ្ឋគឺជាគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់សង្គមជាតិទៅថ្ងៃខាងមុខ ដូច្នេះសម្រាប់លោកគឺមិនចង់ឃើញវប្បធម៌បែបនេះបន្តក្នុងសង្គមខ្មែរតទៅទៀតទេ ជាពិសេសក្នុងកំឡុងពេលឃោសនាបោះឆ្នោត ។
មិនខុសគ្នាប៉ុន្មាន អតីតជំទុកទី១ គណបក្សសិទ្ធិមនុស្ស លោក ពៅ ហួន ដែលបច្ចុប្បន្នបានងាកមកឈរឈ្មោះជាបេក្ខជនមេឃុំបក្សប្រជាធិបតេយ្យមូលដ្ឋាន បានមើលឃើញថាកន្លងមក ការចែកលុយ ឲ្យអំណោចគឺជារូបភាពនៃការទិញទឹកចិត្ត និងបោកបញ្ឆោតពលរដ្ឋ អស់ ៣ អាណត្តិមកហើយ។
លោក ពៅ ហួន បញ្ជាក់ថា៖ «អាហ្នឹងជាការទិញទឹកចិត្តបោកបញ្ឆោត ៣អាណត្តិហើយ មិនឃើញទៅណា គ្មានបានរីកចម្រើនអីសោះ »។
លោកបន្តថាភាពត្រឹមត្រូវនៃការឃោសនាបោះឆ្នោត គឺមិនយកលុយជាធំ នោះទេ អ្វីដែលសំខាន់គឺទំនួលខុសត្រូវ និងគោលនយោយដឹកនាំភូមិ ឃុំ ។
គេនៅចាំបានថានៅគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រូវបានបង្កើតឡើងកាលពីថ្ងៃទី ២ សីហា ២០១៥ ៕
នយោបាយមិនមែនចែកលុយទេ គឺចែកការទទួលខុសត្រូវ
Reviewed by Unknown
on
7:31 PM
Rating:
No comments: